ឯកឧត្តម​បណ្ឌិត ថោង ខុន ​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ភ្ញៀវ​ទេសចរ

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​អញ្ជើញ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ជា​កំពង់ផែ​ដ៏​ធំ​មួយ​ដែល​អាច​ចេញចូល​អូប័រ​ទេសចរណ៍​តូច​ធំ ២០គ្រឿងក្នុង​ពេល​តែមួយ និង​ជាទី​ចំណត​ដ៏​សុវត្ថិភាព​តែមួយគត់ សក្កិ​សមជា​កំពង់ផែ​ទេស​ចរ​ណ៍ដ៍​មាន​សក្តា​នុ​ពល​ប្រចាំ​ខេត្ត​ព្រះសីហនុ និង​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេ​ចរ​ទាំង​ជាតិ និង​អន្តរជាតិ​។

ពិធី​នេះ​ដែរ​បាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ, ឯកឧត្តម លូ គឹ​ម​ឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លោក លោកស្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន ជី.ធី.វី.អីម​ផ​ត​អិច​ផត ខូ​អិល​ធី​ឌី (G.T.V.C Import Export Co., Ltd.) និង​ជា​ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះសីហនុ រួម​ទាំង​មាន លោក លោកស្រី ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិនិយោគិន​ជាច្រើន​រូប​ទៀតផង​ដែរ​។