ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នងនៃវិទ្យាល័យទួលកែវ

នាព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីក អនុវិទ្យាល័យទួលកែវ ឱ្យទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មានកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៃវិទ្យាល័យទួលកែវ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលស្រុកព្រៃនប់ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសប្បុរសជនផងដែរ។

លោក ស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយ ការណ៍ពីសកម្មភាពវិស័យអប់រំនៅខេត្តព្រះសីហនុ ឆ្នាំ២០២២-២០២៣ មានក្របខ័ណ្ឌ បុគ្គលិកអប់រំចំនួន ២ ០៩៧នាក់ ស្រី ៩៨៨នាក់ មានសាលារៀនចំនួន១០៤ ក្នុងនោះ សិស្សានុសិស្សចូលរៀនថ្មីចំនួន ៤៤ ៧១៦នាក់ ស្រី ២១ ៩៩៥នាក់ ស្មើនឹង ១ ២៥០ថ្នាក់។ ឆ្នាំសិក្សា២០២១-២០២២ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋភូមិ មានបេក្ខជនចុះ ឈ្មោះ ប្រឡងចំនួន ២ ៦៧៨នាក់ ស្រី ១ ៣២០នាក់ បេក្ខជនប្រឡងជាប់ចំនួន ២ ៤៩១នាក់ ស្រី ១ ២៤៩នាក់ ស្មើនឹង ៩៥,៣៧ភាគរយ ស្រី ៩៦,៦២ភាគរយ។ ការប្រ ឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១ ៧១៤នាក់ ស្រី ៩១០នាក់ ប្រឡងជាប់ចំនួន ១ ៣៦៤នាក់ ស្រី ៧៥៩នាក់ ស្មើនឹង ៨០,៥២ភាគរយ។ ក្នុងនោះ សិស្សប្រឡងជាប់និទ្ទេស A ចំនួន ២១នាក់ ស្រី ១៣នាក់, និទ្ទេស B ១១៦នាក់ ស្រី ៧៧នាក់,  និទ្ទេស C ៣២៥នាក់ ស្រី ១៨៤នាក់, និទ្ទេស D ៤៩៦នាក់ ស្រី២៧៥នាក់ និងនិទ្ទេស E៤០៦នាក់ ស្រី ២១០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ថា នេះជាថ្ងៃបើកបវេសនកាលថ្មី ហើយអនុវិទ្យាល័យទួលកែវនៅពេល រៀនបញ្ចប់ថ្នាក់ សិស្សបានបោះបង់ការសិក្សាច្រើន ដើម្បីធានាឱ្យមានការរៀន និងបង្រៀន ដោយធ្វើការប្រមូលផ្តុំទាក់ទងនៃការរៀនសូត្ររបស់កូន ចៅ ព្រោះស្រុកព្រៃនប់ ការសិក្សា ចែកជា៣តំបន់គឺ តំបន់នៅតាមផ្លូវជាតិលេខ៣ តាមផ្លូវជាតិលេខ៤ និងមួយផ្នែកទៀតផ្លូវជាតិ លេខ៤ ភ្ជាប់ទៅក្រុងព្រះសីហនុ។ ដោយសារក្មួយសិស្សានុសិស្សនៅតំបន់នេះ មានការ លំបាកនៅពេលបញ្ចប់អនុវិទ្យាល័យ សិស្សត្រូវបានបោះបង់ការសិក្សា ដោយសារតែ សាលាវិទ្យាល័យនៅឆ្ងាយមានដូចជា ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា។ ដោយមើល ឃើញនូវបញ្ហាប្រឈម យើងខ្ញុំមានអារម្មណ៍គិតគូរ ដោយ ស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ដើម្បី ពង្រីកសាលានេះឱ្យទៅជាវិទ្យាល័យទួលកែវ ព្រោះទីនេះជាចំណុចកណ្តាល នៃភូមិសាស្រ្ត នៃឃុំទាំងបី។ ដោយមានកាចូលរួមជាសប្បុរសជនសមាគមចិនខេត្ត(ជាំងស៊ូ) ក្នុងនាម សម្តេចតេជោ បានជួយកសាងអគារសិក្សាមួយខ្នងនេះឡើង ដោយលោកឧកញ៉ា តុង ចំរើន ប្រធានសមាគមសហគ្រិនចិន(ជាំងស៊ូ)នៅកម្ពុជា បានជួយកសាងអគារសិក្សាមួយខ្នងកម្ពស់ ៣ជាន់ ស្មើនឹង ៣០ បន្ទប់ ចំណាយថវិកាចំនួន ៦២ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តមអភិបាលខេត្ត ធ្វើការសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស ជួយលើកទឹកចិត្តអប់រំកូនចៅឱ្យខិតខំរៀនសូត្រចប់វិទ្យាល័យ និងបន្តការសិក្សាបញ្ចប់ថ្នាក់ ឧត្តមសិក្សា ព្រោះចំណេះដឹងជាគុណតម្លៃសម្រាប់មនុស្សគ្រប់រូប សំដៅឈានទៅចូលរួម ការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍសង្គមគ្រួសារ ចំណេះដឹងវាមានអត្ថប្រយោជន៍ខុសគ្នា អ្នកដែលមានចំណេះដឹងទទួលបានអត្ថប្រយោជន៍នៅក្នុងសង្គមកាន់តែខ្ពស់។ នៅតាម រោងចក្រសហគ្រាសត្រូវការអ្នកមានចំណេះដឹង សូមខិតខំជំរុញកូន ចៅជំនាន់ក្រោយមាន ចំណេះដឹង ចំណេះធ្វើកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋាននៅខេត្តកំពតកាល ពីពេល ថ្មីៗកន្លងមកសម្តេចតេជោបានមានប្រសាសន៍ការកសាងផ្លូវជាតិលេខ ៣ ឡើងវិញ រាជរដ្ឋាភិ បាលកម្ពុជា បានស្នើសុំទៅភាគីរដ្ឋាភិបាលចិន ដើម្បីជួយសិក្សា ការកសាងផ្លូវនេះ ដើម្បី ធានាគុណភាពការប្រើប្រាស់បានយូរ។ បញ្ហាផ្លូវជាតិលេខ៣ រាជរដ្ឋាភិបាលកំពុងគិតគូរ ដើម្បីសាងសង់ស្តារឡើងវិញឱ្យមានគុណភាព តម្លាភាព។ ប្រទេសជាតិមានសន្តិភាព យើងមានលទ្ធភាពក សាងផ្លូវនេះ ដើម្បីឆ្លើយតបតាមតម្រូវ ការរបស់បងប្អូនប្រជា ពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនតភ្ជាប់រវាងខេត្តជាប់តំបន់ឆ្នេរនាទិសនិរតី នៃប្រ ទេសកម្ពុជា។ ព្រមទាំងជួយជំរុញលើកទឹកចិត្តកូន ចៅរបស់យើងមករៀននៅទីនេះ ព្រោះក្មួយៗសិស្សានុសិស្សមានឱកាសរកការងារជាច្រើននៅខេត្តព្រះ សីហនុ ដែលមាន រោងចក្រ សហគ្រាសជាច្រើននៅស្រុកព្រៃនប់ ដែលត្រូវការអ្នកមានសមត្ថភាព មានដូចជា រោងចក្រផលិតកង់រថយន្ត ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបទាមទារឱ្យអ្នក មានជំនាញ និងអ្នកបច្ចេកទេសក្នុងនោះក៏មានរោងចក្រផលិតបន្ទះសូឡាផងដែរ។

ឯកឧត្តមអភិបាលខេត្ត ធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សិស្សានុសិស្ស អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៦ ដើម្បីបង្កើន ភាពស៊ាំក្នុងខ្លួន ជួយការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងគ្រួសារ  និងសហគមន៍ផងដែរ៕

Previous Article
Next Article