ខេត្តព្រះសីហនុត្រៀមដាក់ចេញយុទ្ធសាស្ត្រថ្មីដើម្បីគ្រប់គ្រងសំរាម និងសំណល់រឹង ប្រកបដោយភាពស្អាត លឿន និងចីរភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានរៀបចំបទបង្ហាញស្ដីពីក្របខ័ណ្ឌការងារឈានទៅអនុវត្តន៍ប្រព័ន្ធថ្មីគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជននៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីចាត់ចែងដោះស្រាយ បញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមក្រុង ស្រុករបស់ខ្លួន ឱ្យកាន់តែមាន ប្រសិទ្ធភាព ថ្ងៃនេះយើងមានបទបង្ហាញជាច្រើន ដែលជាយុទ្ធសាស្ត្រថ្មីក្នុងការគ្រប់គ្រងសំរាម ក្នុងក្រុងព្រះសីហនុ រួមមតិយោបល់គ្នា ដើម្បីឱ្យការគ្រប់គ្រងសំរាមរបស់យើងបានស្អាត លឿន និងមានចីរភាព។

ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តខិតខំផ្សព្វផ្សាយនូវស្លាកសញ្ញាទាក់ទងនៃ ការហាមបោះចោលសំរាម រួមទាំង ចារតម្លៃនៃការផាកពិន័យចាប់ពី ២ម៉ឺនរៀល ដល់ ៤០ម៉ឺនរៀល ប្រសិនបើមានការបំពានការបោះចោលសំរាមមិនត្រឹម ត្រូវនៅតាមបណ្តោយ ឆ្នេរសមុទ្រ នៅតាមដងផ្លូវសាធារណៈ ព្រមទាំងបានធ្វើការអប់រំផ្សព្វផ្សាយនៅលើផ្លូវ ៤៧ខ្សែក្នុងក្រុងព្រះសីហនុ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង និងបញ្ចេញសំរាមតាមពេលវេលាកំណត់។

យោងតាមការបញ្ជាក់ពី ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ ឬក្រុងព្រះសីហនុ មានទីលានចាក់សំរាមមួយនៅស្រុកព្រៃនប់ ប៉ុន្តែដោយសាររយៈពេលកន្លងមកវិបត្តិសំរាមនៅក្រុងព្រះសីហនុ ទោះបីមានក្រុមហ៊ុនដឹកជញ្ជូនសំរាម បានប្រមូលសំរាមដឹកចេញពីក្រុង តែយកទៅចាក់រាយប៉ាយ គ្មានសណ្តាប់ធ្នាប់ គ្មានការគ្រប់គ្រងគ្មានបច្ចេកទេស និងមិនបានត្រឹមត្រូវ៕