លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារចាស់ជរា

កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះបងប្អូនទាំងអស់ ជាពិសេសពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកស្ម័គ្រចិត្តកាកបាទក្រហមដែលតែងតែចូលរួមគ្រប់សកម្មភាពមនុស្សធម៌កន្លងមកដោយមិនគិតពីការលំបាកផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ លោកជំទាវ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវស្រឡាញ់សុខភាពខ្លួន មនុស្សជាទីស្រឡាញ់ ជាពិសេស ត្រូវរស់នៅមានអនាម័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ជាមួយគ្នានោះផងដែរ លោកជំទាវ មិថុនា ភូថង បានផ្តល់ជូននូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ៖

១.សូមបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជនយុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។

២.ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និង ព្យាបាលទាន់ពេលវេលា។

៣.ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។

៤. ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

៥.ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យ ជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

៦. ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង៕

Previous Article
Next Article