សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំទិវាទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២

(ស្ទឹងត្រែង)៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព»​ ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្ត នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា យុវជនកាកបាទក្រហមជាច្រើនរូបផងដែរ។

នាឱកាសនោះលោក ស្វាយ សំអ៊ាង បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេបស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវបស់ពួកគេមានភាពប្រសើរឡើង។

លោក ស្វាយ សំអ៊ាង បានថ្លែងថា គោលបំណងនៃទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ផ្តោតទៅលើ ការយកចិត្តទុកដាក់រួមគ្នា ក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ ដើម្បីសម្រេចឲ្យបាន ភាពគ្មានមេរោគអេដស៍សម្រាប់ប្រជាជនជំនាន់ក្រោយ។ ការចូលរួមផ្សព្វផ្សាយ អប់រំអំពី ជំងឺអេដស៍ និងការបង្ហាញនូវការតាំងចិត្ត និងប្តេជ្ញាចិត្ត នៃប្រជាជាតិទាំងមូល ក្នុងពិភពលោក ក្នុងការចូលរួមឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅលុបបំបាត់ទាំងស្រុងនូវបញ្ហាអេដស៍នៅលើពិភពលោក។

លោកបានបន្ត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យ៣ រួមមាន៖

*គ្មានការឆ្លងជំងឺអេដស៍ថ្មី
*គ្មានការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍
*គ្មានការស្លាប់ដោយសារជំងឺអេដស៍ នៅត្រឹមឆ្នាំ២០២៥។

ជារួមប្រទេសកម្ពុជាកំពុងតែឈរលើផ្លូវត្រូវ យើងកំពុងតែធ្វើត្រូវក្នុងក្តីសង្ឃឹមពិតប្រាកដ ឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយសារតែប្រទេសកម្ពុជាមានកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅ ហើយ ការប្តេជ្ញាចិត្តគាំទ្រជានយោបាយដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបជូនថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវដល់បងប្អូនរួមជាតិ «រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍» ហើយក៏សូមអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា បន្តចូលរួមគាំទ្រនិងអនុវត្តដោយម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ ដែលជាផែនទីចង្អុលផ្លូវតែមួយគត់សម្រាប់ការងារប្រយុទ្ធ ទប់ស្កាត់ ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោក ស្វាយ សំអ៊ាង បានចែកនូវអំណោយរបស់សាខាជូនដល់ បងប្អូនដែលរស់នៅជាមួយ ជំងឺអេដស៍ទាំង៣៧នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្គរ ចំនួន ២៥ គីឡូ ត្រីខចំនួន ០១យួរ មី០១កេះ ឃីត០១ ទឹកដោះគោ ០១យួរ ស្ករសរ កន្លះគីឡូ និងថវិកា ចំនួន ៥០.០០០រៀល៕