សម្តេចតេជោ​ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបច្ច័យបុណ្យសពនាយក្តឹបចំនួន ២០លានរៀល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាំយកបច្ច័យរបស់សម្តេចទាំងទ្វេចំនួន ២០លានរៀល ទៅចូលបុណ្យសពនាយក្តឹប អតីតតារាកំប្លែងជើងចាស់មួយរូប។

លោក សេង ទៀង បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះគ្រួសារសពនាយក្តឹប ដោយចាក់ទុកមរណភាពរបស់នាយក្តឹប គឺជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាបាត់បង់នូវសិល្បករដ៏ប៉ិនប្រសប់មួយរូប។ ជាមួយគ្នានេះលោកសូមឧទ្ទិសបួងសួង ឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា បន្ទាប់ពីរួបរឹតដោយជំងឺជាច្រើនមុខអស់រយៈពេលច្រើនឆ្នាំ តារាកំប្លែងជើងចាស់ល្បីឈ្មោះ​ នាយក្តឹប បានទទួលមរណភាព នៅម៉ោង៩៖៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរោគាពាធ៕

Previous Article
Next Article