សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្ញើ​សារ​រំលែកទុក្ខ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​លោកស្រី ម៉ិញ កុស​នី

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា បាន​ផ្ញើ​សារ​រំលែកទុក្ខ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​ចំពោះ​មរណភាព​លោកស្រី ម៉ិញ កុស​នី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​។

សារ​រំលែកទុក្ខ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ផ្ញើ​ជូន​លោក រស់ សម័យ និង​ក្រុម​គ្រួសារ​មានខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា​៖ «ខ្ញុំ និង​ស្វាមី បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថា លោកជំទាវ ម៉ិញ កុស​នី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ត្រូវជា​ភរិយា​របស់​ឯកឧត្តម បាន​ទទួលមរណភាព​នៅ​វេលា​ម៉ោង ៤​៖​៥៥ នាទី​ព្រឹក ថ្ងៃ​ចន្ទ ១រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុង​ជន្មាយុ ៧៧ឆ្នាំ ដោយ​រោគាពាធ»។

ក្នុង​វេលា​ប្រកបដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ខ្ញុំ និង​ស្វាមី សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មរណភាព​របស់​លោកជំទាវ ម៉ិញ កុស​នី គឺជា​ការបាត់បង់​ភរិយា ម្តាយ ជីដូន ជាទី​គោរព​ស្រលាញ់ ប្រកបដោយ​ព្រហ្មវិហារ​ធម៌ ក្នុង​ការអប់រំ​ផ្ដល់​ដំបូន្មាន​ដល់​កូនចៅ និង​ជា​ព្រឹទ្ធា​ចារ្យ​សិល្បៈ​មួយ​រូប​ដ៏​ល្បីល្បាញ លើ​វិស័យ​សិល្បៈ​របាំ​បុរាណ​ខ្មែរ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការបម្រើ​វិស័យ​សិល្បៈ​វប្បធម៌​។ ទោះបី​រូបកាយ​របស់​លោកជំទាវ បាន​បាត់បង់​ទៅ​មែនពិត ប៉ុន្តែ​អំពើ​ជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ​នឹង​នៅ ស្ថិតស្ថេរ​ក្នុង​សន្តាន​ចិត្ត​កូន ចៅ និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ជានិច្ច​និរន្តរ៍​។

ខ្ញុំ និង​ស្វាមី សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញ​កុស​នី សូម​ឆាប់​បាន​ចាប់កំណើត​កើត ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​ជំរាប​ថា លោកស្រី ម៉ិញ កុស​នី គឺជា​វីរៈ​សិល្ប​ការិនី ដែល​ជា​តួឯក​ផ្នែក​អង្គ​នាង ប្រចាំ​ព្រះ​បរម​រាជ​វាំង​ទស្ស​វត្សរ៍ ៦០-៧០​៕

Previous Article
Next Article