អគារសិក្សា​ថ្មី១ខ្នង ផ្ទះ​ស្នាក់នៅ​របស់​គ្រូ១ខ្នង ស្ថិត​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​ ត្រូវបានពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍៤រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះ​ស្នាក់នៅ​របស់​គ្រូ១ខ្នង ស្មើ២បន្ទប់ និង​មាន​បង្គន់​អនាម័យ​ចំនួន៧បន្ទប់ ដែល​ជាអំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ស្ថិត​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ក្នុង​ភូមិ គោករកា ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។

អនុវិទ្យាល័យ​អណ្ដូង​កន្ទួត ត្រូវ​បាន​កកើត​ឡើង​ក្នុង​ឆ្នាំ២០១៨ ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សហគមន៍ ដោយ​ខ្ចី​បន្ទប់​សិក្សា​ពីសា​លាប​ឋ​មសិ​ក្សា​អណ្ដូង​កន្ទួត​សម្រាប់​ធ្វើការ​បង្រៀន ដោយមាន​ការ​កើនឡើង​នូវ​ចំនួន​សិស្ស និង​មាន​តម្រូវការ​ច្រើន អគារសិក្សា​ថ្មី​មួយ​ខ្នង ដែល​បំពាក់​ទៅ​ដោយ​គ្រឿងបរិក្ខារ ដែល​ចំណាយ​ថវិកា​សរុប ៦៨,២០៨ដុល្លា​សហរដ្ឋអាមេរិក ដែល​ជាអំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​របស់​សាលា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​អង្គការ​សម្រេច​សុបិន​កុមារ ក៏ដូចជា​ម្ចាស់​ជំនួយ ដែល​បាន​បរិច្ចាគ​ជា​ថវិកា​របស់​ខ្លួន សម្រាប់​ជួយ​សាងសង់​អគារសិក្សា​មួយ​ខ្នង​នេះ ហើយ​ក្នុង​នោះ​ដែរ​អង្គការ​សម្រេច​សុបិន​កុមារ​ក៏បាន​ជួយ​គៀង​គរ​សប្បុរសជន​ជួយ​សាងសង់​អគារសិក្សា​សម្រាប់​ខេត្តបាត់ដំបង ជួយ​ផ្ដល់​នូវ​អាហារូបករណ៍​ដល់​សិស្សានុសិស្ស​ជាច្រើន​នាក់ ក៏ដូចជា​ការងារ​សប្បុរសធម៌​ជាច្រើន​ទៀត ក្នុង​ន័យ​ជួយ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​កម្ពុជា​កាន់តែ​មានការ​រីកចម្រើន ដែល​ជំនួយ​នេះ​ពិតជា​ជំនួយ​ដ៏​ល្អ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខ្វះខាត ហើយ​ការដែល​ជួយ​សាលារៀន​នេះ​ទៀតសោត​គឺ​ប្រៀប​បាន​ដូចជា​ជួយ​សម្រេច​សុបិន​ដល់​សិស្សានុសិស្ស​ជាច្រើន​ឱ្យ​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់ មានការ​ងារ​ធ្វើ​ល្អ​ៗ​ជាច្រើន ។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ក្រោយ​ភ្នក់ភ្លើង​សង្រ្គាម​រួច​យើង​បាន​បាត់បង់​អ្នកមាន​ចំណេះដឹង​អស់​ជាច្រើន​នាក់ ធ្វើ​ឱ្យ​មាន​អត្រា​អ្នក​មិនសូវ​ចេះអក្សរ​ជាច្រើន ដូចនេះ​អ្នកចេះ​ច្រើន​ត្រូវ​បង្រៀន​អ្នកចេះ​តិច អ្នកចេះ​តិច​ត្រូវ​បង្រៀន​អ្នក​មិន​ចេះ ទម្រាំ​មកដល់ពេលនេះ រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ក្នុង​ការ​កសាង​ប្រទេស​ឱ្យ​រស់​ឡើងវិញ នឹងអាច​ដើរ​ទាន់​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ហើយ​យើង​អាច​ដើរមក​ដល់​ចំណុច​នេះ​គឺ​ដោយសារ​សុ​ខ​សន្ដិ​ភាព ដូចនេះ​ត្រូវ​ចូលរួម​ថែរក្សា​សុ​ខ​សន្ដិ​ភាព​នេះ​ឱ្យ​បាន​ល្អ ដើម្បី​ការ​រីកចម្រើន​តទៅមុខ​ទៀត ៕