សម្ដេច​ក្រឡាហោម ស ខេង បន្ត​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​

នា​ថ្ងៃសុក្រ ៥រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្តបាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។

ក្នុងនាម​គណបក្សប្រជាជន​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិន ជា​ប្រធាន​កិត្តិយស និង​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​គណបក្ស ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មាន​ភក្ដីភាព​ជឿជាក់​គាំទ្រ​ឥតងាករេ​មក​លើ​គណបក្សប្រជាជន​កម្ពុជា ទាំង​ការបោះឆ្នោត​ឆ្នាំ២០២២ និង​កន្លង​ៗ​មក ព្រមទាំង​បាន​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​យ៉ាង​មហោឡារិក​។

សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង និយាយ​ជា​រួម និង​និយាយដោយឡែក​ក្នុង​ស្រុក​សំឡូត និង​ស្រុក​រតនៈមណ្ឌល ដែល​បាន​គាំទ្រ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៦ ធ្វើ​ឱ្យ​ប្រទេសជាតិ​បន្ត​រក្សា​បាន​សុខ​សន្តិភាព បូរណភាពទឹកដី អធិបតេយ្យ​ភាពជា​តិ ស្ថេរ​ភាព​នយោបាយ ការពារ​របប​រាជា​និយម ធានា​បាន​លំនឹង​សេដ្ឋកិច្ច ពិសេស​គ្រប់គ្រង បង្ការ​ទប់ស្កាត់​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ជំងឺ​កូ​វីដ-១៩ និង​ចូលរួម​គាំទ្រ​ការបោះឆ្នោត​ឃុំ សង្កាត់​ឆ្នាំ២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ២០២៣នេះ​។

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​សមាជិក សមា​ជិ​ការ អ្នកគាំទ្រ​គណបក្សប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រៀមលក្ខណៈ​អញ្ជើញ​ទៅ​បោះឆ្នោត នា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បី​គាំទ្រ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ១៩៩៣ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សូម​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ដើម្បី​បន្ត​ការដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះទៅ​រក​ភាព​រីកចម្រើន​រុងរឿង សុី​វិល័​យ និង​ឈរ​ស្មើមុខ​លើឆាកអន្តរជាតិ​។

សម្ដេច​មានប្រសាសន៍​ថា​ការបោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា គឺជា​ការបោះឆ្នោត​ឱ្យ​ខ្លួនឯង​។ សម្ដេច​បន្ថែម​ថា​គណបក្សប្រជាជន​កម្ពុជា បាន​នាំមក​នូវ​សុខ​សន្តិភាព និង​ធានា​ការពារ​សុខ​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ​។ សម្ដេច​បន្ថែម​ថា​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា មានតែ​រាជរដ្ឋាភិបាល​នៃ​គណបក្សប្រជាជន​កម្ពុជា​ទេ​ដែល​ការពារ​បាន​សុខ​សន្តិភាព បូរណភាពទឹកដី និង​អភិវឌ្ឍន៍​ជាតិ​រីកចម្រើន​យ៉ាងច្រើន​អនេក បើ​ធៀប​នឹង​របប​ដឹកនាំ​កន្លងមក​។

សូម​បញ្ជាក់​ថាស​ម្ដេច​ក្រឡាហោម ស ខេង បាន​បើក និង​បន្ត​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទាំង​នៅ​មណ្ឌល​ខេត្តបាត់ដំបង និង​មណ្ឌល​ខេត្តព្រៃវែង​។ សម្ដេច​ក្រឡាហោម​បាន​ឈរឈ្មោះ​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង តាំងពី​ឆ្នាំ១៩៩៣ នា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី១ រហូតដល់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ នា​ឆ្នាំ២០២៣នេះ​៕