ឯកឧត្តម ហែម ពិសិដ្ឋ បើក​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច

នៅ​ព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា លើ​បញ្ជី​ឈ្មោះ និង​ចាត់​ក្រុមការងារ​សម្រាប់​ចុះ​សម្រង់​អត្តសញ្ញាណ​កម្ម​គ្រួសារ​យោធិន នគរបាល​ការពារ​ព្រំដែន គ្រួសារ​អ​តី យុទ្ធជន និវត្តជន និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​បាន​ដាក់ពាក្យ​ស្នើសុំ​ផ្ទះ និង​ដីសម្បទាន​សង្គមកិច្ច ស្ថិតនៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធានមន្ទីរ​ពាក់ព័ន្ធ លោកស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិ​បត្ត​ការ​សឹក​រង​ស្វាយរៀង លោកនាយ​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោក​អភិបាល អភិបាលរង​ក្រុង ស្រុក​ទាំង៨ លោកនាយក​រង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​សាលាខេត្ត លោក​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សាលាខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។