សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន អញ្ជេីញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​អគារសិក្សា​ចំនួន ២ខ្នង​ ១០បន្ទប់​ ក្នុងខេត្តស្វាយរៀង

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជេីញ​ចូលរួម​ក្នុង​ពិធីសម្ពោធ​អគារសិក្សា​ចំនួន២ខ្នង​ ១០បន្ទប់​ និង​សមិទ្ធផល​នានា​នៅ​សាលាបឋមសិក្សា​វត្ត​ស្លា​ ក្នុង​ឃុំ​ពោន​កក​ ឃុំ​ឈេី​ទាល​ ស្រុក​ស្វាយជ្រំ​ ដែល​ជាអំណោយ​របស់​សមាគម រ៉ូ​តា​រី អ៊ិ​នទ័​រណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Korea តាមរយៈ​ឯកឧត្តម ចៅ ភិ​រិទ្ធ ប្រធាន​ក្រុមការងារ​ចុះ មូលដ្ឋាន​ឃុំ​ឈើទាល ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ១០ម៉ឺន​ដុល្លារ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃសុក្រ ១០រោច ខែ​ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ ។

នៅក្នុង​ឱកាស​នោះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្ញើ​ជូន​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​មានបាន​ចូលរួម​ក្នុង​ពិធីសម្ពោធ​នា​ពេលនេះ ដោយ​ក្តី​នឹករលឹក និង​ការ​គិត​គូ​អំពី​សុខទុក្ខ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពី​តម្លៃ​នៃ​សុខ​សន្តិភាព​ដែល​មាន​សព្វថ្ងៃ​ក្រោម​ការ​ដឹក​នាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ទើប​ធ្វើ​ឱ្យ​ប្រទេសជាតិ​យើង មានការ​អភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ តាំងពី​ទីប្រជុំជន​រហូតដល់​តំបន់​ដាច់​ស្រ​យ៉ា​លនៅ​តាម​ព្រំដែន​។ ប្រសិនបើ​គ្មាន​សុខ​សន្តិភាព​ទេ ក៏​គ្មាន​វត្តមាន​សមាគម រ៉ូ​តា​រី អ៊ិ​នទ័​រណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Kore មានឱកាស​ចូលរួម​អភិវឌ្ឍ កសាង​សមិទ្ធិ​ផល​នានា ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ​។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ ចំពោះ​សមាគម រ៉ូ​តា​រី អ៊ិ​នទ័​រណេ​ត្យូ​ណល់ ក្លឹប កូរ៉េ Rotary International Club Kore ក្រុមការងារ​ចុះ មូលដ្ឋាន​ឃុំ​ឈើទាល អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់​នៃ​ខេត្តស្វាយរៀង ដែល​បាន​ជួយ​សហការ​គ្នា​កសាង​អគារ​សាលាបឋមសិក្សា​វត្ត​ស្លា​នេះ​ឡើង​។ សម្តេច​បាន​អំពាវ​ឱ្យ​ចូលរួម​ថែរក្សា​អគារ សាលា​បឋម សិក្សា​នេះ ប្រយោជន៍​ឱ្យ​ការប្រើ​ប្រាស់​បាន​យូរអង្វែង និង​បាន​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បីអនាគត​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គមជាតិ ពិសេស​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​គ្រប់​ប្រភេទ​៕