លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ការកាត់បន្ថយ​ចរន្ត​ប្រឆាំង ព្រមទាំង​ពង្រឹង និង​ពង្រីក​ចរន្ត​គាំទ្រ គឺជា​គោលដៅ​អាទិភាព​របស់​គណបក្សប្រជាជន​កម្ពុជា

តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Telegram និង Facebook នៅ​ព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​បន្ដ​វេន ជានា​យក​រដ្ឋ​មន្ដ្​រី​នៅ​ថ្ងៃ​អនាគត របស់​គណបក្សប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ការកាត់បន្ថយ​ចរន្ត​ប្រឆាំង ព្រមទាំង​ពង្រឹង និង​ពង្រីក​ចរន្ត​គាំទ្រ គឺជា​គោលដៅ​អាទិភាព របស់​គណបក្សប្រជាជន​កម្ពុជា ដើម្បី​ធានា​នូវ​ប្រៀប​ឈ្នះ របស់​គណបក្ស​ក្នុងរយៈពេល​វែង​។

លោក​បណ្ឌិត​ពន្យល់​ថា ចរន្ត​ប្រឆាំង​មិន​សំដៅ​ដល់​បក្ស​ប្រឆាំង​នោះ​ទេ ចរន្ត​ប្រឆាំង​សំដៅ​ដល់​ការ​មិន​សប្បាយចិត្ត របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​ពង្រីក​នូវ​ចរន្ត​គាំទ្រ តាមរយៈ​ការ​រំលេច​អ្វី ដែល​យើង​ខិតខំ​ធ្វើ​ដើម្បី​ពួកគាត់ ធ្វើ​ឱ្យ​គាត់​មាន​ភាព​កក់ក្តៅ​ចិត្ត ហើយ​កាត់បន្ថយ​ការ​មិន​សប្បាយចិត្ត​។

លោក​បណ្ឌិត​បញ្ជាក់​ថា ដរាបណា​គណបក្សប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស គឺ​រក្សា​បាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ ដើម្បី​ប្រជាជន​ទាំងអស់គ្នា​មាន​សេចក្តី​សុខ​។

លោក​បណ្ឌិត​បាន​លើកឡើង​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា «កាត់​បន្ត​ចរន្ត​ប្រឆាំង ពាក្យ​ថា​ចរន្ត​ប្រឆាំង​មិន​បក្ស​ប្រឆាំង​ទេ បើសិនជា​ចរន្ត​ប្រឆាំង ចរន្ត​មិន​សប្បាយចិត្ត​ជាមួយ​គណបក្សប្រជាជន​ទាប បក្ស​ប្រឆាំង​ប៉ុន្មាន​ក៏​រក​សំឡេង​មិនបាន​ដែរ តែ​ចរន្ត​ប្រឆាំង​ខ្លាំង ជួនកាល​មិនបាច់​មាន​គណបក្ស​នយោបាយ​ផង ប្រទេស​ខ្លះ​ដួល​រលំ​ដោយអំណាច​ប្រជាពលរដ្ឋ ។ អីចឹង​អ្វី​ដែល​គណបក្សប្រជាជន​ត្រូវ​ធ្វើ គឺ​កាត់បន្ថយ​ចរន្ត​ប្រឆាំង គឺ​ក្នុង​បេះដូង​ដែល​គាត់​មិន​សប្បាយចិត្ត ឱ្យ​គាត់​មក​សប្បាយចិត្ត​ជាមួយ​យើង រំលេច​នូវ​អ្វី​ដែល​យើង​ជួយ​គាត់ ដើម្បី​ឱ្យ​គាត់​មាន​ភាព​កក់ក្តៅ​ជាមួយ​យើង ជឿ​ទុកចិត្ត​ជាមួយ​យើង»។

លោក​បន្ថែម​ទៀត​ថា «បើ​យើង​បង្កើត​ចរន្ត​គាំទ្រ​ច្រើន យើង​នឹង​មាន​លំនឹង ដែល​ជាគោល​ដៅ​របស់​យើង និង​ជា​អ្វី​ដែល​យើង​ទាំងអស់គ្នា​ត្រូវ​ធ្វើ ដើម្បី​សុខ​សន្តិភាព ស្ថិរភាព​យើង​ទាំងអស់គ្នា មិនថា​អ្នកមាន​តួនាទី ឬមិន​មាន​តួនាទី​ទេ ដរាបណា​គណបក្សប្រជាជន​កម្ពុជា នៅ​ដឹកនាំ​ប្រទេស រក្សា​សន្តិភាព​បាន រក្សា​លំនឹង​បាន យើង​បាន​សុខ​ទាំងអស់គ្នា មិនថា​បងប្អូន​ជា​អាជីវករ មិនជា​មន្ត្រី​រាជការ មិនថា​ជា​បុគ្គលិក​ធនាគារឯកជន ស្ថាប័នឯកជន យើង​បាន​សុខ​ទាំងអស់គ្នា មិនថា​និស្សិត មិនថា​លោកគ្រូ​អ្នកគ្រូ គឺ​យើង​បាន​សេចក្តី​សុខ​ទាំងអស់គ្នា»៕

Previous Article
Next Article