រដ្ឋបាលខេត្តកំពង់ចាម រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី៣ នៅបរិវេណវត្តព្រះធាតុ ស្ថិតក្នុងភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ។ វេទិកានេះ មានការចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាច្រើននាក់ ផងដែរ ។

បើតាម លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ មានគោលបំណង ដើម្បី ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក ។ ក្រៅពីនោះ វេទិកានេះ ក៏នឹងផ្តល់នូវឱកាស ផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ផងដែរ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បី ឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះ តម្រូវការ និងសំណូមពរ ដែលបានស្នើឡើង ។

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំង លទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម បញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន៎ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លើសពីនេះទៀតនោះ តាមរយៈ ការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើង ជាសំណើ សំណូមពរ កង្វល់ និងបញ្ហាទំនាស់ផ្សេងៗ ។

គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលបានប្រារព្ធ នៅស្រុកកំពង់សៀម មានប្រជាពលរដ្ឋចូលរួម លើកជសំណើចំនួន ១២ សំណូមពរ ចំនួន ០៨ និងកង្វល់ចំនួន ០៣ សរុបទាំងអសចំនួន ២៣ ។ ទន្ទឹមនឹងនោះ នៅក្នុងចំណោយសំណើ សំណូមពរ និងកង្វល់ ដែលប្រជាពលរដ្ឋបានស្នើឡើង ក៏ត្រូវបានក្រុមការងារ ធ្វើការដោះស្រាយជូនភ្លាមៗ នៅនឹងកន្លែងបានចំនួន ១៩ និងនៅសល់ ៤ អង្គវេទិកានឹងយកទៅពិភាក្សា ដោះស្រាយបន្តទៀត ផងដែរ ៕