ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បន្ត​ចុះ​ផ្សព្វផ្សាយ​ពី​របៀប​គូស​សន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា នៅក្នុងខេត្តកំពង់ចាម

ភ្នំពេញ​៖  ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បេក្ខជន​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ស្រុក​ព្រៃឈរ និង​ស្រុក​បាធាយ បាន​បន្ត​ចុះ​ពន្យល់​ណែនាំ​អំពី​របៀប​គូស​សន្លឹកឆ្នោត​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា នៅក្នុង​មូលដ្ឋាន​។

ក្នុង​កម្មវិធី​នា​ឱកាស​នោះ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែល​សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ ព្រមទាំង​តែងតែ​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ឱ្យ​យកចិត្ត​ទុកដាក់​គិតគូរ​បម្រើ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ និង​ដោយ​ស្មោះត្រង់​។

ជាមួយគ្នា​នេះ ឯកឧត្តម បាន​លើកឡើង​នូវ​សមិទ្ធផល​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប ជាពិសេស​ក្នុង​មូលដ្ឋាន​ស្រុក​បាធាយ​ផ្ទាល់ ដោយ​បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ ស្ពាន អណ្ដូងទឹក ​ភ្លើងអគ្គិសនី​ រោងចក្រ​កសិដ្ឋាន សាលារៀន ​មន្ទីរពេទ្យ វត្តអារាម​។​ល​។

ឯកឧត្តម ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​សមាជិក សមាជិកា​ទាំងអស់ ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់​ៗ​គ្នា​កុំបីខាន ​នៅ​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ ហើយ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន ​លេខរៀង​ទី១៨ ដើម្បី​រក្សាសុខ​សន្តិភាព ការ​អភិវឌ្ឍ និង​ភាព​រីកចម្រើន​បន្ត​ទៀត​៕