ពិធីប្រកាសចូលកាន់តំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានរៀបចំពិធីប្រកាស តែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

នុងកិច្ចស្វាគមន៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមធ្វើជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាល់ស្នាដៃដ៏ធំធេងរបស់ស្នងការមុនដែលបានអនុវត្តន៍ និងបំពេញភារកិច្ចជូនជាតិ ជាពិសេសជូនខេត្តបានល្អប្រសើរ ទាំងផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ការចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទបានយ៉ាងមាន ប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួមក្នុងកិច្ចសង្គមក្នុងខេត្តដោយទទួលបានស្នាដៃល្អជាច្រើន សម្រាប់មន្ត្រីក្រោមឱវាទអនុវត្តន៍បន្ដ។

មានមតិសំណេះសំណាលក្នុងឱកាសនោះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់ផ្នែកនៃកងកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តមសេនីយ៍ទោ ឯម កុសល ក្នុងរយៈកាលនៃការដឹកនាំ បានបំពេញតួនាទី និងភារកិច្ចដឹកនាំលើការងារដោយទទួលខុសត្រូវខ្ពស់ក្នុងកងកម្លាំងនគរបាលខេត្ត ដោយបាន ចូលរួមកិច្ចសហការល្អ ជាមួយគ្រប់បណ្តាអង្គភាពពាក់ព័ន្ធដោយបង្កើតនូវស្នាដៃជាច្រើន ក្នុងស្នាដៃថែរក្សា ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អ ដែលជាកត្តាចម្បងក្នុងការធានាបាននូវប្រក្រតីភាពជីវភាពសង្គមលើគ្រប់វិស័យ និងបម្រើឱ្យ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ក៏បាន សម្ដែងនូវក្ដីសង្ឃឹមលើការដឹកនាំរបស់លោកស្នងការខេត្តថ្មី និងបន្ដយកចិត្តទុកដាក់ប្រឹង ប្រែងយកអស់ស្មារតី និងជំនាញព្រមទាំងបទពិសោធន៍ និងបំពេញតួនាទីរបស់ខ្លួនបានត្រឹម ត្រូវស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមាន ព្រមទាំងគោរព នូវវិន័យ បទបញ្ជា ក្រមសីលធម៌ កងកម្លាំង និងគោរពនូវឋានានុក្រមការងារ ប្រកបដោយ ឆន្ទៈខ្ពស់ និងសាមគ្គីផ្ទៃក្នុង រួមជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ភ្ជាប់នូវ អភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីពង្រឹងយន្ដការ និង ប្រសិទ្ធភាពនៃការដឹកនាំនៃស្នងការដ្ឋាននគរបានខេត្ត ដើម្បីបន្ដការងារការពារសន្ដិភាព សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ឱ្យបានកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាព ខ្ពស់។

សូមបញ្ជាក់​ថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្តន៍ ហើយត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យតែងតាំងជាជំនួយការ សម្ដេចតេជោ មានឋានៈស្មើ​អគ្គនាយករង៕

 

Previous Article
Next Article