សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្ស និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន​មនុស្ស​សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់។

និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិត​បញ្ចប់​ការសិក្សាថ្នាក់បរិញ្ញាបត្ររង​ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដែលបាន​បញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា​២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះ ក៏មាន​និស្សិត​អាហារូបករណ៍របស់សម្ដេចតេជោ និងសម្ដេច​កិត្ដិព្រឹទ្ធ​បណ្ឌិតចំនួន ៣២នាក់ផងដែរ។

សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការ​ចូល​រួម​ចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាម​ផែន​ការ​យុទ្ធសាស្ត្ររបស់ខ្លួន ស្របតាមគោលនយោ​បាយ និងផែនការយុទ្ធសាស្ត្រ​របស់​ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីនយោ​បាយ​របស់​រាជរដ្ឋាភិបាលជា​អាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកប​ដោយ​សមត្ថភាព និងគុណភាព ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង​ទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម​កម្រិតខ្ពស់​ត្រឹម​ឆ្នាំ២០៣០។

សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងលើក​កម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីឱ្យ​ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ជ និងទីផ្សារការងារ។ ជា​មួយ​គ្នានេះដែរ ដើម្បីធានាដល់ការអនុវត្តយន្តការពង្រឹង និងពង្រីកគុណ​ភាព​អប់​រំបណ្តុះបណ្តាល និងទិសដៅអភិវឌ្ឍរបស់ខ្លួននោះ សាកលវិទ្យាល័យ​បានធ្វើកំណែ​ទ​ម្រង់ទាំងផ្នែកទន់ និងផ្នែករឹង ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធអភិបាលកិច្ច ប្រព័ន្ធ​​គ្រប់គ្រងដំណើរការបណ្តុះបណ្តាលនិងបច្ចេកទេសសិក្សា អភិវឌ្ឍកម្មវិធី សិក្សា ស្របតាមក្របខណ្ឌគុណវឌ្ឍិជាតិ និងពង្រឹងប្រព័ន្ធធានាគុណភាព​អប់រំផ្ទៃក្នុង ឱ្យស្របតាម ស្តង់ដាគុណភាពអប់រំដែលបានកំណត់។

លោកសាស្រ្តាចារ្យបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ នៃសាកលវិទ្យា​ល័យ​ធន​ធានមនុស្ស បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងកំណែទម្រង់ និងអភិវឌ្ឍ​គុណ​​ភាពបណ្តុះបណ្តាល ប្រកបដោយឆន្ទៈស្មារតីទទួលខុសត្រូវ និងឆ្លងកាត់បទ​ពិសោធ ២៤ឆ្នាំកន្លងមក សាកលវិទ្យាល័យបានអភិវឌ្ឍខ្លួន​ពីអង្គការវិទ្យាស្ថាន​អភិ​វឌ្ឍន៍​ធនធានមនុស្ស ដែល​បង្កើតឡើងក្នុងឆ្នាំ១៩៩៨ និងសម្រេចបាន​សមិទ្ធផល​យ៉ាងធំធេង​ជាបន្ត​បន្ទាប់​គួរ​ជាទីមោទនៈ៕