សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី» ដែល​មានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែ​បើកកិច្ច​ប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្ត​រាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុង​ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព​ឋានៈ​តួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការ​សង្គម។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខតែងតែបានយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់​ឱ្យ​កាន់​តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែ​ច្រើន​ត្រូវ​បានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាម​ក្រសួង​ស្ថាប័ននានា។

ជាក់ស្តែងក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រី​កាន់​តែច្រើន​ត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា លោកស្រី ឃួន សុដារី ត្រូវបានជ្រើសតាំងជាអនុប្រធានទី២នៃរដ្ឋសភា។

ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ លោកស្រី ម៉ែន សំអន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, លោកស្រី អ៉ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រៅពីនោះមានស្ត្រី​ជាច្រើន​ ត្រូវបានតែង​តាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង… និងអភិបាល​ខេត្តជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៅលើស្ត្រីតា​ម​រយៈការផ្តល់សេវាគាំពារដល់ស្ត្រីជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងស្ត្រី​ជាកម្មការិនី​នៅតាមវិស័យឧស្សាហកម្ម។

ក្នុងឆ្នាំ២០១៨កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានសម្រេចជាគោលនយោបាយ​ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូនប្រមាណ ៤០ម៉ឺនរៀលសម្រាប់​អ្នកសម្រាលបានកូន១, ៨០ម៉ឹនរៀលសម្រាប់សម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ៣។ បន្ថែមពីលើនោះកម្មការិនី​ត្រូវបាន​សម្រាកលំហែមាតុភាពរយៈពេល៣ខែ ជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ។

បន្ថែមពីលើនោះនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្តល់ប្រាក់​ឧបត្ថម្ភ​​ដល់ស្រ្តីក្នុងគ្រួសារមានជីវភាពក្រីក្រពេលសម្រាលកូនប្រមាណ ៧៦ម៉ឺន​រៀល​ចាប់​ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុពីរឆ្នាំ។

ជាមួយគ្នាលើការសិក្សាអប់រំវិញ សិស្សស្រីក៏ត្រូវបានមើលឃើញថាមានការលើក​ទឹកចិត្ត និងជួយសម្របសម្រួលឲ្យពួកគេទទួលបានការសិក្សា​អប់រំកាន់តែខ្ពស់​ផង​ដែរ។ បើទោះបីជាយ៉ាងណាជារៀងរាល់ឆ្នាំក្នុងកិច្ចប្រជុំបូក​សរុបការងារនេះ​សម្តេច​តេជោ ហ៊ុន សែន តែងតែក្រើនរំលឹកដល់ស្រ្តីទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាព​របស់ខ្លួនតាមរយៈការប្រឹងប្រែងសិក្សារៀនសូត្រ។

ដើម្បីជួយដល់ស្ត្រីដែលរងគ្រោះពីការរំលោភបំពាននានា នៅឆ្នាំ២០១៩កន្លង​ទៅ​នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យមេធាវីស្ម័គ្រចិត្ត របស់​សម្តេច​​ចេញការពារក្តីឱ្យស្ត្រីដោយមិនគិតថ្លៃថែមទៀតផង។ សកម្មភាពទាំង​អស់​នេះ គឺបានបង្ហាញឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាង​ជ្រាល​ជ្រៅបំផុតចំពោះស្ត្រី ស្របតាមគោលនយោបាយដែលចាត់​ទុកស្ត្រីជាឆ្អឹងខ្នង​របស់ជាតិ៕